កីឡាករបាល់ទាត់ U20 ឥណ្ឌូណេស៊ីចំនួន ៨នាក់ រងពិន័យ ៣ឆ្នាំ ក្រោយហក់ធាក់លើគូប្រកួត
By Dany • 52 views
សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានសម្រេចដាក់ពិន័យធ្ងន់លើកីឡាករអាយុក្រោម ២០ឆ្នាំចំនួន ៨នាក់ ដោយហាមមិនឲ្យចូលរួមសកម្មភាពបាល់ទាត់ចន្លោះពី ១ដល់ ៣ឆ្នាំ បន្ទាប់ពីពួកគេមានការប្រតាយប្រតប់ និងហិង្សាលើទីលានក្នុងការប្រកួតលីគយុវជន។
ហេតុការណ៍នេះកើតឡើងក្នុងការប្រកួតរវាងក្រុម Bhayangkara FC និង Dewa United នៅលីគ U20 ឥណ្ឌូណេស៊ី អំឡុងខែមេសា ដែលបណ្ដាលឲ្យការប្រកួតបាត់បង់សណ្តាប់ធ្នាប់ និងកើតមានការវាយតប់គ្នាទាំងលើ និងក្រៅទីលាន។
តាមរបាយការណ៍ពី BolaSport កីឡាកររបស់ Bhayangkara FC ចំនួន ៥នាក់ ត្រូវបានពិន័យខ្លាំងជាងគេ។ ក្នុងនោះ Fadly Alberto, Aqilah Lissunah និង Afrizah Riqh ត្រូវបានហាមលេងរយៈពេល ៣ឆ្នាំ ខណៈ Ahmad Catur រងពិន័យ ២ឆ្នាំ និង Mufdi Iskandar រងពិន័យ ១ឆ្នាំ។ បន្ថែមពីនេះ ជំនួយការគ្រូបង្វឹក Muklis Hadi Ning ក៏ត្រូវបានហាមមិនឲ្យចូលរួមការប្រកួតចំនួន ៤ប្រកួតផងដែរ។
ផ្នែកខាងក្រុម Dewa United ក៏មានកីឡាកររងពិន័យដូចគ្នា ដោយ Reyvan Rezqi រងពិន័យ ២ឆ្នាំ ខណៈ Keysa Fawwaza និង Muhammad Ridwan ត្រូវបានព្យួរចេញពីសកម្មភាពបាល់ទាត់ ១ឆ្នាំ។
ហេតុការណ៍ហិង្សានេះបានផ្ទុះឡើងនៅពេលដែល Dewa United កំពុងនាំមុខ ២-១ ហើយស្ថានភាពកាន់តែតានតឹងបន្ទាប់ពីមានការមិនពេញចិត្តចំពោះការកាត់សេចក្តី។ ស្ថានការណ៍បានកើនឡើងរហូតដល់ក្លាយជាការប៉ះទង្គិចធ្ងន់លើទីលាន និងប៉ះពាល់ដល់រូបភាពលីគយុវជនយ៉ាងខ្លាំង។
PSSI បានបញ្ជាក់ថា ការដាក់ពិន័យនេះគឺដើម្បីរក្សាវិន័យ និងបញ្ឈប់អំពើហិង្សាក្នុងបាល់ទាត់យុវជន ដើម្បីការពារអនាគតកីឡាករ និងកីឡាបាល់ទាត់ជាតិ។