Robert Lewandowski ត្រៀមចាកចេញពី Barcelona នៅរដូវក្តៅ ខណៈក្លិបកំណត់គោលដៅ Julian Alvarez ជាអ្នកជំនួសរូបលោក
By Dany • 36 views
Robert Lewandowski កំពុងត្រៀមបញ្ចប់អាជីពដ៏ជោគជ័យរបស់គាត់ជាមួយ Barcelona នៅរដូវក្តៅខាងមុខ ខណៈខ្សែប្រយុទ្ធជើងចាស់រូបនេះកំពុងស្វែងរកបទពិសោធន៍ថ្មីមួយទៀតក្នុងអាជីពបាល់ទាត់។ ទោះបីគាត់នៅតែជាកីឡាករសំខាន់ក្នុងការរកគ្រាប់បាល់ក៏ដោយ ការផ្លាស់ប្តូរកីឡាករជំនាន់ថ្មីនៅ Camp Nou ហាក់បីដូចជាមិនអាចជៀសវាងបាន។
តាមរបាយការណ៍របស់ Guillem Ballague លើ BBC Sport បានបញ្ជាក់ថា Lewandowski នឹងចាកចេញពី Barcelona បន្ទាប់ពីចប់រដូវកាលនេះ ហើយបញ្ចប់អាជីពរយៈពេលប្រហែល 4 ឆ្នាំនៅ Barcelona។ ចាប់តាំងពីមកដល់ឆ្នាំ 2022 ខ្សែប្រយុទ្ធជនជាតិប៉ូឡូញរូបនេះ បានស៊ុតបញ្ចូលទីប្រហែល 120 គ្រាប់ក្នុងគ្រប់ការប្រកួត ទោះបីអាយុកាន់តែច្រើនក៏ដោយ។
ទោះក្លិបមានបំណងបន្តកុងត្រា 1 ឆ្នាំបន្ថែមក៏ដោយ ប៉ុន្តែលក្ខខណ្ឌដែលបានផ្តល់រួមមានការកាត់ប្រាក់ខែ និងតួនាទីក្នុងក្រុមត្រូវកាត់បន្ថយ ដែលមិនសមនឹងអ្វីដែលកីឡាករចង់បាន។ ដូច្នេះការបែកផ្លូវត្រូវបានគេរំពឹងថានឹងកើតឡើង។
ពេលនេះមានក្លិបធំៗនៅអ៊ីតាលីដូចជា Juventus និង AC Milan កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសង្ឃឹមផ្តល់តួនាទីសំខាន់ឲ្យគាត់បន្តលេងនៅកម្រិតកំពូលអឺរ៉ុប។ ខណៈមានការចំណាប់អារម្មណ៍ពី MLS ក៏មាន ប៉ុន្តែត្រូវបានរាយការណ៍ថាបានថយចុះ ដោយមានភាគរយះតិច។
ស្របពេលនេះ Barcelona បានកំណត់គោលដៅជំនួសរួចហើយ ដោយដាក់ Julian Alvarez ជាជម្រើសលេខមួយសម្រាប់រដូវក្តៅ។ ទោះយ៉ាងណា ការផ្ទេរនេះមិនងាយស្រួលឡើយ ព្រោះ Atletico Madrid បានកំណត់តម្លៃប្រហែល €120 លាន ដែលជាឧបសគ្គធំសម្រាប់ក្លិបកាតាឡាន។