Luka Modric រងរបួសបាក់ឆ្អឹងថ្ពាល់ និងត្រូវបានវះកាត់ដោយជោគជ័យ ខណៈគ្រូបង្វឹកជម្រើសជាតិ ក្រូអាត បញ្ជាក់អំពីស្ថានភាពរបស់កីឡាករនេះមុន World Cup
By Dany • 33 views
ខ្សែបម្រើជើងចាស់ Luka Modric របស់ AC Milan និងជាប្រធានក្រុមជម្រើសជាតិ ក្រូអាត បានទទួលការវះកាត់ដោយជោគជ័យ បន្ទាប់ពីរងរបួសបាក់ឆ្អឹងថ្ពាល់ មុនពេលការប្រកួត World Cup 2026។
តាមរបាយការណ៍ពី The Independent បានឲ្យដឹងថា Modric ត្រូវបានវះកាត់ក្រោយរងរបួសធ្ងន់លើមុខ ក្នុងការប្រកួតស្មើ 0-0 រវាង AC Milan និង Juventus កាលពីថ្ងៃអាទិត្យ។ កីឡាករវ័យ 40 ឆ្នាំនេះ បានប៉ះទង្គិចក្បាលយ៉ាងខ្លាំងជាមួយ Manuel Locatelli នៅកីឡដ្ឋាន San Siro ខណៈពេលប្រជែងបាល់លើកខ្ពស់។
គាត់ត្រូវបានប្តូរចេញពីទីលាន នៅសល់ប្រហែល 10 នាទីចុងក្រោយ ប៉ុន្តែបន្តឈរនៅជាយទីលានរហូតដល់ចប់ការប្រកួត ទោះមានការឈឺចាប់យ៉ាងខ្លាំងក៏ដោយ។ ការពិនិត្យវេជ្ជសាស្ត្របានបញ្ជាក់ថា គាត់មានបាក់ឆ្អឹងថ្ពាល់ខាងឆ្វេង ដែលត្រូវការវះកាត់ភ្លាមៗ។
ពេលវេលារងរបួសនេះគឺស្ថិតក្នុងដំណាក់កាលសំខាន់ សម្រាប់ Modric ដែលកំពុងត្រៀមចូលរួម World Cup លើកទី 5 និងប្រហែលជាលើកចុងក្រោយផងដែរ។ ទោះយ៉ាងណា គ្រូបង្វឹកជម្រើសជាតិ Zlatko Dalic បានផ្តល់ដំណឹងវិជ្ជមានអំពីការស្ដារសុខភាពរបស់គាត់ឡើងវិញ។
លោកបាននិយាយថា៖ «ខ្ញុំបានទាក់ទង Luka ហើយជូនពរឲ្យការវះកាត់របស់គាត់ទទួលបានជោគជ័យ។ ខ្ញុំជឿជាក់ថាគាត់នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីត្រៀមខ្លួនសម្រាប់ World Cup ហើយយើងនឹងគាំទ្រគាត់ពេញទំហឹង»។
បើទោះបីគោលដៅធំគឺ World Cup ក៏ដោយ ប៉ុន្តែសម្រាប់រដូវកាលនេះជាមួយ AC Milan គេត្រូវបានរំពឹងថា Modric នឹងមិនអាចត្រលប់ចូលលេងបានទៀតឡើយ។ បច្ចុប្បន្ន AC Milan កំពុងឈរលេខ 3 នៅ Serie A ហើយនៅសល់តែ 4 ប្រកួតប៉ុណ្ណោះ។
របួសនេះបានបញ្ចប់រដូវកាលរបស់ Modric មុនពេលកំណត់ ប៉ុន្តែវាមិនអាចបិទបាំងការបង្ហាញដ៏ល្អរបស់គាត់បានឡើយ ព្រោះគាត់បានចូលលេង 32 ប្រកួតក្នុងចំណោម 34 ប្រកួតក្នុងលីគ។ ហើយកុងត្រារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅនេះ ប៉ុន្តែក៏មានជម្រើសបន្តមួយឆ្នាំបន្ថែម។