Jose Mourinho ឆ្លើយតបពាក្យចចាមអារ៉ាមត្រលប់ទៅ Real Madrid ខណៈបញ្ជាក់ថា AS Roma ជាកន្លែងល្អបំផុតក្នុងអាជីពរបស់គាត់
By Dany • 29 views
គ្រូបង្វឹកល្បីលោក Jose Mourinho បានចេញមុខឆ្លើយតបចំពោះពាក្យចចាមអារ៉ាមដែលភ្ជាប់គាត់នឹងការត្រលប់ទៅ Real Madrid ជំនួស Alvaro Arbeloa ដោយបញ្ជាក់ថាគាត់កំពុងផ្តោតលើការងាររបស់ខ្លួនជាមួយ Benfica។
មានការរាយការណ៍ថា ប្រធានក្លិប Florentino Perez ចង់នាំ Mourinho ត្រលប់មកដឹកនាំក្រុមវិញ ដើម្បីស្ដារស្ថេរភាព ប៉ុន្តែគ្រូបង្វឹកវ័យ ៦៣ឆ្នាំរូបនេះ មិនបានបង្ហាញចេតនាច្បាស់លាស់អំពីការវិលត្រឡប់ទៅ La Liga ទេ។
Mourinho បាននិយាយថា គោលដៅបន្ទាប់របស់គាត់គឺនាំ Benfica ត្រលប់ទៅលេងក្នុង UEFA Champions League ដែលបង្ហាញថាគាត់នៅតែផ្តោតលើគម្រោងបច្ចុប្បន្ន។
ក្នុងពេលដដែល គាត់ក៏បានរំលឹកអំពីអតីតកាលរបស់ខ្លួន និងបានបញ្ជាក់ថា ក្លិប AS Roma គឺជាកន្លែងដែលគាត់មានអារម្មណ៍ពិសេសបំផុតក្នុងអាជីព។
«សម្រាប់ខ្ញុំ នោះគឺជាកន្លែងល្អបំផុតក្នុងអាជីព។ ខ្ញុំមិនធ្លាប់មានអារម្មណ៍អស្ចារ្យបែបនោះជាមួយក្រុមណាមួយឡើយ។ កីឡដ្ឋាន Olimpico តែងតែពេញទៅដោយអ្នកគាំទ្រ»។
គាត់បានដឹកនាំ Roma ឈ្នះពាន UEFA Europa Conference League ឆ្នាំ២០២២ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Europa League នៅឆ្នាំបន្ទាប់ ហើយបានបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយអ្នកគាំទ្រផងដែរ។
ទោះបីមានពាក្យចចាមអារ៉ាមជាច្រើន ក៏ដោយ Jose Mourinho បង្ហាញច្បាស់ថា បច្ចុប្បន្នគាត់នៅតែផ្តោតលើ Benfica ហើយមិនបានគិតពីការត្រលប់ទៅ Real Madrid នៅពេលនេះឡើយ៕