លោក ដូណាល់ ត្រាំ មិនបដិសេធវត្តមាន IRAN នៅ World Cup 2026 លើទឹកដីអាម៉េរិក
By Dany • 44 views
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអះអាងថា លោកមិនមានការប្រឆាំងចំពោះវត្តមានរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ដែលនឹងធ្វើឡើងលើទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក។
ប្រធានាធិបតីវ័យ ៧៩ឆ្នាំរូបនេះ បានលើកឡើងថា លោកនឹងគោរពតាមសេចក្តីសម្រេចរបស់ FIFA និងប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ Gianni Infantino ប្រសិនបើគ្មានបញ្ហាអ្វីទាក់ទងនឹងការចូលរួមរបស់អ៊ីរ៉ង់។
ការលើកឡើងនេះកើតឡើងបន្ទាប់ពី Infantino បានបញ្ជាក់ក្នុងកិច្ចប្រជុំ FIFA Congress នៅទីក្រុង Vancouver ថា អ៊ីរ៉ង់នឹងនៅតែចូលរួម World Cup 2026 ដោយគ្មានការផ្លាស់ប្តូរទីតាំងប្រកួត ទោះបីមានស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ។
យ៉ាងណាមិញ ការចូលរួមរបស់អ៊ីរ៉ង់បានកើតមានភាពចម្រូងចម្រាស បន្ទាប់ពីមានបញ្ហាទាក់ទងនឹងប្រតិភូកីឡារបស់ពួកគេនៅអាកាសយានដ្ឋាន Toronto ដែលបណ្តាលឲ្យពួកគេត្រឡប់ទៅវិញភ្លាមៗ និងមិនបានចូលរួមកិច្ចប្រជុំ FIFA។
អ៊ីរ៉ង់ត្រូវបានចាត់ចូលក្នុងពូល G នៃ World Cup 2026 ដោយត្រូវប្រកួតទល់នឹង បែលហ្ស៊ិក, អេហ្ស៊ីប និង នូវែលសេឡង់ នៅដំណាក់កាលជម្រុះ។
FIFA បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងនៅតែធ្វើឡើងតាមផែនការដើម ដោយផ្តោតលើគោលការណ៍សាមគ្គីភាព និងការចូលរួមរបស់ប្រទេសទាំងអស់ ដើម្បីធានាថា World Cup 2026 ក្លាយជាព្រឹត្តិការណ៍ធំបំផុតក្នុងប្រវត្តិសាស្ត្រ។