FIFA ដាក់លក់សំបុត្រវគ្គផ្តាច់ព្រ័ត្រ World Cup 2026 4 សន្លឹក ដល់ទៅ ២.៣លានដុល្លារ
By Dany • 33 views
សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដាក់លក់សំបុត្រវគ្គផ្តាច់ព្រ័ត្រ World Cup 2026 ក្នុងតម្លៃខ្ពស់បំផុតដល់ទៅ ២.៣លានដុល្លារ ក្នុងមួយសន្លឹក សម្រាប់កៅអីពិសេសជាប់ទីលាន។
សំបុត្រទាំងនេះមានចំនួន ៤សន្លឹក បង្ហាញទីតាំងអង្គុយជាន់ផ្ទាល់ដី នៅជិតទីលាន និងក្បែរបង្គោលទី សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅកីឡដ្ឋាន MetLife Stadium ក្នុងរដ្ឋ New Jersey។ សំបុត្រទាំងនេះត្រូវបានដាក់លក់តាមគេហទំព័រ FIFA Resale/Exchange Marketplace។
ក្រៅពីកៅអី VIP តម្លៃខ្ពស់នេះ ក៏មានសំបុត្រតម្លៃផ្សេងៗទៀតដូចជា៖
- កៅអីជាន់ផ្ទាល់ដីតំបន់ផ្សេង៖ ប្រហែល ២០៧,០០០ ដុល្លារ
- ជាន់ទី៣៖ ប្រហែល ១៣៨,០០០ ដុល្លារ
- កន្លែងអង្គុយខ្ពស់ឆ្ងាយពីទីលាន៖ ប្រហែល ២៣,០០០ ដុល្លារ
- តម្លៃទាបបំផុតបច្ចុប្បន្ន៖ ប្រហែល ១០,៩២៣ ដុល្លារ
FIFA ក៏បានដាក់លក់សំបុត្រផ្សេងទៀតចាប់ពីថ្ងៃទី២២ មេសា ដោយមានតម្លៃចាប់ពីប្រហែល ១០,៩៩០ ដុល្លារឡើងទៅសម្រាប់វគ្គផ្តាច់ព្រ័ត្រ។
សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងប្រកួតនៅទីក្រុង Arlington (Texas) តម្លៃចាប់ពី ១១,១៣០ ដុល្លារ ខណៈការប្រកួតនៅ Atlanta មានតម្លៃចន្លោះពី ៤,៣៦០ ដល់ ៩,៦៦០ ដុល្លារ។
ការប្រកួតបើកឆាករវាងក្រុមជម្រើសជាតិអាម៉េរិក និងប៉ារ៉ាហ្គាយ នៅទីក្រុង Inglewood ថ្ងៃទី១២ មិថុនា មានតម្លៃចាប់ពី ១,៩៤០ ដុល្លារ ដល់ ៤,១០៥ ដុល្លារ។ ខណៈការប្រកួតរបស់កាណាដា ទល់នឹងបូស្នី មានតម្លៃចាប់ពី ៩៨០ ដុល្លារ។
ជាពិសេស ការប្រកួតបើកឆាករវាងម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង នៅថ្ងៃទី១១ មិថុនា ត្រូវបានលក់អស់សំបុត្រទាំងស្រុងរួចហើយ បង្ហាញពីកម្តៅនៃការរង់ចាំព្រឹត្តិការណ៍ធំបំផុតក្នុងពិភពបាល់ទាត់នេះ។