Endrick បើកចំហនិយាយអំពីអនាគតរបស់គាត់ អាចនៅបន្តនៅ Lyon ប្រសិនបើក្លឹបនេះបានទៅលេង Champions League
By Dany • 33 views
យុវជនប្រេស៊ីល Endrick បានបង្ហាញថា អនាគតរបស់គេមិនចាំបាច់ត្រូវតែត្រលប់ទៅ Real Madrid ភ្លាមៗនោះទេ ខណៈពេលកំពុងលេងខ្ចីជើងនៅ Olympique Lyonnais ហើយក៏មិនបដិសេធលទ្ធភាពបន្តស្នាក់នៅបារាំង ប្រសិនបើក្លិបអាចឈានទៅលេងក្នុង UEFA Champions League បាន។
ចាប់តាំងពីផ្ទេរទៅ Lyon នៅខែមករា Endrick បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ ដោយបានស្ដារឡើងវិញនូវសមត្ថភាពដែលធ្វើឱ្យគេក្លាយជាតារាវ័យក្មេងមានតម្លៃខ្ពស់មួយក្នុងពិភពបាល់ទាត់។ កីឡាករវ័យ ១៩ឆ្នាំរូបនេះក៏បានសារភាពថា គេមានអារម្មណ៍ស្រលាញ់ក្លិបបារាំងនេះ ហើយសង្ឃឹមអាចជួយក្រុមត្រលប់ទៅកម្រិតអឺរ៉ុបកំពូលវិញ។
ក្នុងបទសម្ភាសន៍មួយ Endrick បាននិយាយថា៖ «បើ Lyon អាចឈានទៅលេង Champions League ហើយឲ្យខ្ញុំបន្តស្នាក់នៅ? ខ្ញុំក៏មិនទាន់សម្រេចចិត្តទេ។ ប្រសិនបើត្រូវតែត្រលប់ទៅ Real Madrid ខ្ញុំនឹងត្រលប់ដោយសេចក្ដីរីករាយ ប៉ុន្តែបើមានជម្រើសផ្សេងៗ ខ្ញុំក៏បើកចិត្តទទួលយកដែរ។»
ការផ្លាស់ទៅលេងនៅ Ligue 1 បានជួយឲ្យគេមានឱកាសបង្ហាញខ្លួនបន្ថែម បន្ទាប់ពីជួបបញ្ហាពេលវេលាលេងបានតិចនៅ Real Madrid។ ជាក់ស្តែង ក្នុង ១៣ប្រកួតដំបូងនៅលីគបារាំង គេបានចូលរួមបង្កើតគ្រាប់បាល់ដល់ទៅ ១០ដង ដែលបង្ហាញពីការវិលត្រឡប់ទៅទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍វិញ។
យ៉ាងណាមិញ អនាគតរបស់គេនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្តែ Endrick បានបញ្ជាក់ច្បាស់ពីតួនាទីដែលគេចង់លេង គឺជាខ្សែប្រយុទ្ធកណ្ដាលពាក់អាវលេខ៩ ជាទីតាំងដែលធ្វើឱ្យគេមានភាពជឿជាក់បំផុត។ នេះអាចនឹងក្លាយជាបញ្ហាសម្រាប់គ្រូបង្វឹក Alvaro Arbeloa ប្រសិនបើគេត្រលប់ទៅ Real Madrid ដែលមានជម្រើសខ្សែប្រយុទ្ធច្រើនរួចហើយនៅទីនោះ។