Premier League បកស្រាយមូលហេតុដែល Gabriel មិនទទួលកាតក្រហម ក្នុងករណីប៉ះទង្គិចក្បាលលើ Erling Haaland
By Dany • 13 views
ការប្រកួតរវាង Arsenal និង Manchester City ដែលបញ្ចប់ដោយលទ្ធផល 2-1 បានបង្កការជជែកយ៉ាងខ្លាំង បន្ទាប់ពីខ្សែការពារ Gabriel Magalhaes មិនទទួលកាតក្រហម ទោះបីមានសកម្មភាពដូចជាប៉ះក្បាលទៅលើ Erling Haaland ក៏ដោយ។
ក្នុងវគ្គទី 2 Gabriel Magalhaes បានប៉ះទង្គិចជាមួយ Haaland ហើយមានសកម្មភាពបុកក្បាលទៅលើខ្សែប្រយុទ្ធសញ្ជាតិន័រវេស។
ទោះជាយ៉ាងណា អាជ្ញាកណ្ដាល Anthony Taylor បានផ្តល់តែកាតលឿងប៉ុណ្ណោះ ហើយការសម្រេចនេះក៏ត្រូវបានគាំទ្រដោយ VAR ដែលដឹកនាំដោយ John Brooks ផងដែរ។
អង្គការ Premier League បានចេញសេចក្តីបញ្ជាក់ថា៖
សកម្មភាពរបស់ Gabriel មិនត្រូវបានចាត់ទុកថា ជាអំពើហិង្សាធ្ងន់ធ្ងរ ឬលើសកម្រិតឡើយ ដូច្នេះមិនគ្រប់លក្ខខណ្ឌសម្រាប់កាតក្រហមនោះទេ។
ការសម្រេចនេះបានធ្វើឲ្យអ្នកវិភាគ និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល។
អតីតកីឡាករ Arsenal លោក Perry Groves បាននិយាយថា Gabriel គួរតែទទួលពិន័យធ្ងន់ជាងនេះ ប៉ុន្តែអាជ្ញាកណ្តាលបានផ្តល់ឲ្យ ខ្សែការពារប្រេស៊ីលរូបនេះ “រួចខ្លួន” ពីកាតក្រហម។
ខណៈអតីតគ្រូបង្វឹក Newcastle លោក Alan Pardew ក៏បានបង្ហាញការភ្ញាក់ផ្អើលដែរ ដោយប្រៀបធៀបជាមួយករណីរបស់គាត់ក្នុងឆ្នាំ 2014 ដែលត្រូវពិន័យប្រាក់ដល់ទៅ 150,000 ផោន (ជាង $190,000) សម្រាប់សកម្មភាពស្រដៀងគ្នា។
ចំណែក Erling Haaland បាននិយាយយ៉ាងស្ងប់ស្ងាត់បន្ទាប់ពីការប្រកួតថា ប្រសិនបើគាត់ដួលទៅលើដី ប្រហែលជាអាចក្លាយជាកាតក្រហម ប៉ុន្តែគាត់មិនចង់ធ្វើបែបនោះឡើយ។
ហេតុការណ៍នេះបានបន្តបង្កការជជែកយ៉ាងខ្លាំង អំពីការប្រើប្រាស់ VAR និងស្តង់ដារកាត់សេចក្តីនៅក្នុង Premier League។