តុលាការកាណាដា អនុញ្ញាតឲ្យ TikTok បន្តដំណើរការបណ្តោះអាសន្ន ខណៈរដ្ឋាភិបាលត្រូវពិនិត្យសន្តិសុខជាតិឡើងវិញ
By Sok Tak • 76 views
តុលាការកណ្តាលកាណាដា បានសម្រេចអនុញ្ញាតឲ្យ TikTok បន្តប្រតិបត្តិការនៅក្នុងប្រទេសនេះជាបណ្តោះអាសន្ន បន្ទាប់ពីលុបចោលសេចក្តីបញ្ជារបស់រដ្ឋាភិបាលដែលបានបញ្ជាឲ្យបិទអាជីវកម្ម TikTok នៅកាណាដា និងស្នើឲ្យរដ្ឋាភិបាលពិនិត្យករណីនេះឡើងវិញ។
កាលពីខែវិច្ឆិកា ឆ្នាំ 2024 ក្រសួងឧស្សាហកម្មកាណាដា បានបញ្ជាឲ្យរំលាយអាជីវកម្ម TikTok ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ ប៉ុន្តែមិនបានរារាំងការចូលប្រើកម្មវិធី ឬការបង្កើតមាតិកាដោយអ្នកប្រើប្រាស់ឡើយ។ TikTok ដែលមានអ្នកប្រើប្រាស់ជាង 14 លាននាក់ក្នុងមួយខែនៅកាណាដា បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសេចក្តីសម្រេចនេះ។
ចៅក្រមតុលាការកណ្តាល លោក Russel Zinn បានផ្ញើករណីនេះត្រឡប់ទៅកាន់រដ្ឋមន្ត្រីឧស្សាហកម្ម Melanie Joly ដើម្បីធ្វើការត្រួតពិនិត្យសន្តិសុខជាតិជាថ្មី ខណៈ TikTok បានស្វាគមន៍សេចក្តីសម្រេចនេះ និងបញ្ជាក់ថានឹងសហការជាមួយអាជ្ញាធរកាណាដាបន្តទៅមុខ។
