ឯកឧត្តម ខូវ ឆាយ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពក្លឹបប្រដាល់គុនខ្មែរ នៅខេត្តកំពង់ស្ពឺ
By SK • 69 views
នៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចុះ សួរសុខទុក្ខ និង ពិនិត្យស្ថានភាព របស់ ក្លឹបប្រដាល់គុនខ្មែរ ចំនួន ២ ស្ថិតក្នុង មូលដ្ឋានខេត្តកំពង់ស្ពឺ រួមមាន ក្លឹបសករាជភ្នំតូច និង ក្លឹបកងពលតូចដឹកជញ្ជូនលេខ៩០។
ការចុះទស្សនកិច្ច នេះមាន គោលបំណង ពិនិត្យមើលពី ការខ្វះខាតនា ស្ថានភាពហ្វឹកហាត់ របស់ កីឡាករ ក៏ដូចជា លទ្ធភាព ក្នុងការជួយ សាងសង់ និង អភិវឌ្ឍក្លឹប ឱ្យកាន់តែមាន ស្តង់ដារ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម បានពិភាក្សាអំពីការបំពេញ សម្ភារៈហ្វឹកហាត់ មួយចំនួន ដើម្បីឱ្យ ក្លឹបទាំងពីរ មាន សម្ភារៈគ្រប់គ្រាន់ និងឆ្លើយតបតាម តម្រូវការជាក់ស្តែង របស់ កីឡាករ និង គ្រូបង្វឹក។
ការចុះសួរសុខទុក្ខ និង ការយកចិត្តទុកដាក់ នេះ បង្ហាញពី ការខិតខំប្រឹងប្រែង របស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការលើកស្ទួយ និង អភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ឱ្យមាន ការរីកចម្រើនប្រកបដោយចីរភាព ទាំងនៅ ថ្នាក់ជាតិ និង មូលដ្ឋាន។