ចិនចោទប្រកាន់អាមេរិកពីបទរំលោភបំពានតាមអ៊ីនធឺណិត
By Sameth • 97 views
ទីក្រុងប៉េកាំង ថ្ងៃទី ១៩ តុលា ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានលួចអាថ៌កំបាំង និងជ្រៀតចូលមជ្ឈមណ្ឌលជាតិរបស់ប្រទេស ដោយព្រមានថា ការរំលោភបំពានធ្ងន់ធ្ងរអាចនឹងបានរំខានដល់បណ្តាញទំនាក់ទំនង ប្រព័ន្ធហិរញ្ញវត្ថុ ការផ្គត់ផ្គង់ថាមពល និងពេលវេលាស្តង់ដារអន្តរជាតិ។
ក្រសួងសន្តិសុខរដ្ឋរបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី WeChat របស់ខ្លួនកាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បាននិងកំពុងអនុវត្តប្រតិបត្តិការវាយប្រហារតាមអ៊ីនធឺណិតលើមជ្ឈមណ្ឌលសេវាកម្មជាតិ។
ក្រសួងបាននិយាយថា ខ្លួនបានរកឃើញភស្តុតាងដែលតាមដានទិន្នន័យ និងព័ត៌មានសម្គាល់ខ្លួនដែលត្រូវបានលួច តាំងពីឆ្នាំ ២០២២ មកម៉្លេះ ដែលត្រូវបានប្រើប្រាស់ដើម្បីឈ្លបយកការណ៍លើឧបករណ៍ចល័ត និងប្រព័ន្ធបណ្តាញរបស់បុគ្គលិកនៅមជ្ឈមណ្ឌល។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបាន "ទាញយកប្រយោជន៍ពីចន្លោះប្រហោង" នៅក្នុងសេវាកម្មផ្ញើសាររបស់ម៉ាកស្មាតហ្វូនបរទេសមួយ ដើម្បីចូលប្រើឧបករណ៍របស់បុគ្គលិកកាលពីឆ្នាំ ២០២២ ដោយមិនបានបញ្ចេញឈ្មោះម៉ាកទូរស័ព្ទនោះទេ។
មជ្ឈមណ្ឌលពេលវេលាជាតិ គឺជាវិទ្យាស្ថានស្រាវជ្រាវមួយស្ថិតក្រោមបណ្ឌិតសភាវិទ្យាសាស្ត្រចិន ដែលបង្កើត ថែរក្សា និងផ្សព្វផ្សាយពេលវេលាស្តង់ដារបស់ប្រទេសចិន។
ការស៊ើបអង្កេតរបស់ក្រសួងក៏បានរកឃើញផងដែរថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារលើប្រព័ន្ធបណ្តាញផ្ទៃក្នុងរបស់មជ្ឈមណ្ឌល និងបានប៉ុនប៉ងវាយប្រហារប្រព័ន្ធកំណត់ពេលវេលាលើដីដ៏មានភាពជាក់លាក់ខ្ពស់ នៅក្នុងឆ្នាំ ២០២៣ និង ២០២៤។
ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង មិនបានឆ្លើយតបដោយផ្ទាល់ចំពោះការចោទប្រកាន់នេះទេ ប៉ុន្តែបាននិយាយថា ក្រុមអ្នកវាយប្រហារតាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅប្រទេសចិន បានលួចចូលបណ្តាញរបស់អ្នកផ្តល់សេវាទូរគមនាគមន៍ធំៗ របស់អាមេរិក និងពិភពលោក ដើម្បីធ្វើប្រតិបត្តិការចារកម្មតាមអ៊ីនធឺណិតដ៏ធំទូលាយ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក បានបន្តផ្លាស់ប្តូរការចោទប្រកាន់គ្នាទៅវិញទៅមកអំពីការវាយប្រហារតាមអ៊ីនធឺណិត ដោយភាគីនីមួយៗបង្ហាញរូបភាពភាគីម្ខាងទៀតថាជាការគំរាមកំហែងតាមអ៊ីនធឺណិតចម្បងរបស់ខ្លួន។
ការចោទប្រកាន់ចុងក្រោយនេះ កើតឡើងចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាថ្មី ជុំវិញការពង្រីកការរឹតបន្តឹងការនាំចេញរ៉ែដ៏កម្ររបស់ចិន និងការគំរាមកំហែងរបស់អាមេរិកក្នុងការដំឡើងពន្ធបន្ថែមទៀតលើទំនិញចិន។